“ក្រោធខឹងជាលក្ខណៈបង្ហាញរបស់ចិត្តព្រៃដែលគ្មានការអប់រំ ។ សីលធម៌មិនមែនមានចំពោះមនុស្សគ្រប់រូបដោយគ្រាន់តែត្រឹមសម្ដែងអាកប្បករិយាខាងក្រៅនុះទេ ។ បែបបទទម្រង់ត្បិតត្បៀត ការកាត់ផ្សំទង្វើទាំងឡាយនៃសកម្មភាពខាងក្រៅហៅថា សុជីវធម៌ ។ សីលធម៌ គឺជាប្រក្រតីភាពនៃចិត្តដែលដុះស្អិតមកនូវការមិនបៀតបៀនទៅមនុស្សសត្វដទៃ ។ សីលធម៌មិនមែនជាការត្បិតត្បៀតសម្ដែងថាខ្លួនមានសេចក្ដីល្អនោះទេ ប៉ុន្តែសីលធម៌ជាលក្ខណៈដែលមនុស្សម្នាក់ប្រព្រឹត្តទង្វើទាំងឡាយដោយមិនចាំបាច់ត្បិតត្បៀត កាត់មុខ ផ្សំក្រោយ លាក់នេះ បង្ហាញនោះ នុះទេ ព្រោះសីលធម៌ជាសារជាតិនៃសភាវៈល្អដែលដុះមកនៅនឹងចិត្តយ៉ាងប្រក្រតី ។ សារជាតិនៃសីលធម៌ភាយនូវភាពញ័រៗសន្តិភាពចំពោះមនុស្សណាដែលចូលមកប្រាស្រ័យទាក់ទងជាមួយ ។ សីលធម៌អាចកើតមាន ឬបណ្ដុះឡើងបានដោយបន្ស៉ាំវានៅឯមូលដ្ឋានជម្រៅនៃចិត្តព្រៃរបស់អ្នកតាមវិធីវិបស្សនា និង មេត្ដាភាវនា ។ សីលធម៌មិនមែនអាចបណ្ដុះបាននៅមូលដ្ឋានត្រឹមតែខួរក្បាលនុះទេ ប៉ុន្តែត្រូវបន្ស៉ាំឲ្យចូលដល់ទីជម្រៅនៃចិត្ត ។ ការបង្រៀនឲ្យមានសេចក្ដីល្អត្រឹមតែមូលដ្ឋាននៃខួរក្បាល ហៅថា ការបង្រៀនឲ្យមានសុជីវធម៌ ។” LoveMindMoralityValueWisdom InspirationalEduction Author:Thai Kimleang
“រឿងនិទានជាភាសាអង់គ្លេសមួយ ដំណាលថាមានស្ដេចចក្រព័ធិរាជវង្វេងក្នុងព្រៃជ្រៅបែកហ្វូងមន្ដ្រីហ្លួង ព្រោះតែតាមដេញបាញ់សត្វព្រៃ ។ កណ្ដាលព្រៃស្ងាត់លឺសូរសម្លេងខ្យល់បក់ មែកឈើរេរាំទង្គិចសង្គៀតគ្នា ក្រូកក្រាកៗ សត្វបក្សីបក្សាយំ គួរជាទីមនោរម្យផង ជាទីគួរឲ្យខ្លាចផង ។ ព្រះរាជា មានចិត្តភិតភ័យបន្តិច អរសប្បាយបន្តិច សប្បាយជាមួយនឹងទិដ្ឋភាពនៃធម្មជាតិដ៏ត្រកាល ភ័យខ្លាចព្រោះថាមិនអាចរកផ្លូវទៅព្រះរាជវាំងវិញ ។ ពលរេសេនាស្ដាំឆ្វេង ហ្លួងមន្រ្តីភ័យស្លន់ស្លោព្រោះបាត់ព្រះរាជាជាអង្គជីវិតតម្កល់លើត្បូងរបស់ពួកខ្លួន ។ ពួកគេស្រែកផង រកផងតែពុំឃើញសោះ កើតការអស់សង្ឃឹមអង្គុយសំគុកគ្រប់ៗគ្នានៅឯវាលធំមួយ ។ ថ្លែងពីព្រះរាជា បន្ទាប់ពីចិត្តត្រេកត្រអាលនៅឯព្រៃ ក៏កើតការភ័យរកកលទួញកន្សៃសោកា ព្រោះថាមិនអាចទៅព្រះរាជវាំងវិញបាន ។ រំពេចនុះមានក្មេងឃ្វាលគោម្នាក់លេចមុខមក ឃើញព្រះរាជាក៏សួរថា ៖ អេ! លោកបង តើលោកបងឯងជាអ្នកណា? ហើយនៅឯណាដែរ? ព្រះរាជានឹកក្នុងចិត្តថា យីអាក្មេងចំកួតនេះមិនស្គាល់ថា អញជាស្ដេចទេអី? ។ ព្រះរាជាតបក្នុងភាសាសាមញ្ញ៖ អើ! ប្អូនប្រុស បងវង្វេងផ្លូវហើយ ។ និយាយអឹញ្ចឹង តើប្អូនឯងមានធ្លាប់ស្គាល់ស្ដេចទេ ប្អូន? ។ ក្មេងឃ្វាលគោតប៖ ទេ ទេ មិនស្គាល់ទេ ស្ដេចជាអ្វី? ។ ព្រះរាជា៖ អើចាំបងប្រាប់ ហើយឲ្យមាសប្រាក់ជាច្រើនដល់ឯងទៀតផង បើឯងជូនបងផុតពីព្រៃនេះសំដៅទៅក្រុងវិញ ។ ក្មេងឃ្វាលគោ៖ អូ!! ខ្ញុំស្គាល់! ចាំខ្ញុំជូនទៅ ។ ជិះនៅលើខ្នងសេះព្រះរាជាប្រាប់ក្មេងឃ្វាលគោថា ៖ បើប្អូនឃើញអ្នកណា មិនលុតជង្គង់ ឱនក្បាលសំពះក្រាបទេ ជននោះឯងជាស្ដេច ចាំទុក ពេលប្អូនឯងឃើញ ប្អូនឯងនឹងដឹងថាស្ដេចជាអ្វី ហើយអស្ចារ្យយ៉ាងណា ។ ទីបំផុតព្រះរាជាក៏បានជួបនឹងហ្វូងមន្ត្រីវិញមែន ។ ពួកហ្វូងមន្ត្រីឃើញព្រះរាជា ហើយក៏ឱនកា្របសំពះទទួលព្រះរាជា ។ ព្រះរាជាបានហៅក្មេងឃ្វាលគោថា នែ៎ អាល្អិត ឯងឃើញហើយឬនៅ ថាអ្នកណាជាស្ដេច អំណាចខ្លាំងយ៉ាងណា មើលទៅ!! ក្មេងឃ្វាលគោតប៖ អូ!!អស្ចារ្យមែនខ្ញុំ ហា្អ!! ស្ដេចមាន ២ នាក់ ស្ដេចមាន ២នាក់។ អាណា អាណា? ស្ដេចស្រែកឡើង ។ ហ្អេ!! នុះគឺ លោកបងឯង ហើយម្នាក់ទៀតគឺខ្ញុំ ព្រោះលោកបងឯងប្រាប់ខ្ញុំថា អ្នកណាមិនឱនក្បាល លុតក្រាបជាស្ដេច ឥឡូវលោកបងឯងក៏មិនឱនក្បាលសំពះ ខ្ញុំក៏អឹញ្ចឹង ដូច្នេះខ្ញុំក៏ជាស្ដេចដែរ ។ ស្ដេចខឹងព្រោះដំបូងឡើយ ចង់អួតអំណាចប៉ុន្តែទីបំផុតត្រូវអាប់ឱនចំពោះមុខមន្ដ្រីទៅវិញ ។ ស្ដេចក៏បញ្ជាឲ្យសេនាដេញក្មេងឃ្វាលគោចេញបាត់ដោយមិនទាំងឲ្យប្រាក់មួយសេនផង ។ តើអ្នកយល់យ៉ាងណាចំពោះរឿងនេះ???” NovelWisdom Inspirational Author:Thai Kimleang
“មានរឿងរ៉ាវរបស់មនុស្សគិតរាក់ៗ បានប្រដៅថា មនុស្សត្រូវចេះស្គាល់ខ្លួនឯងឲ្យបានច្បាស់ ។ ត្រូវ!! គឺមនុស្សត្រូវតែស្គាល់ខ្លួនឯង ។ មនុស្សគិតរាក់ៗ និយាយថា ដើម្បីស្គាល់ខ្លួនឯង ត្រូវព្យាយាមរៀនសូត្រពីខ្លួនឯងនូវកំហុសរបស់ខ្លួន ហើយកែលម្អវា ។ ខ្ញុំថាពុទ្ធោ! អ្នកនិយាយនោះអត់ទាន់ស្គាល់ខ្លួនឯងសូម្បីបន្តិច ។ អ្នកប្រាជ្ញព្រះធម៌ បានចង្អុលបង្ហាញថា ដើម្បីឈានដល់វិស័យនៃការស្គាល់ខ្លួនឯង គឺមនុស្សត្រូវរស់នៅជាមួយបច្ចុប្បន្នភាពនៃខ្លួនឯង មានន័យថា តាំងសតិស្ទង់វេទនា វេទនា ពិនិត្យដង្ហើម ពិនិត្យដង្ហើម ជាដរាប អនិច្ចំៗ ទុក្ខំៗ អនត្តា តាមដំណើរហ្នឹងទៅ។ ខ្ញុំដឹងនិងយល់ថាខ្ញុំគឺជាអង្គចងចាំ បើគ្មានអង្គចងចាំ សល់តែសម្បកកាយ នុះវាមិនមែនជាខ្ញុំទេ។ ខ្ញុំយល់ដល់មួយដំណាក់ទៀតថា ខ្ញុំគឺជាការពាល់ត្រូវ គឺបើអ្នកក្ដិចអ្នកដទៃម្ដេចនឹងខ្ញុំឈឺ តែបើក្ដិចសាច់របស់ខ្ញុំ ខ្ញុំនឹងឈឺ ខ្ញុំពាល់ត្រូវ ដូច្នោះពាល់ត្រូវទើបជាខ្ញុំ។ ខ្ញុំយល់ដល់មួយដំណាក់ទៀតថា គ្មានខ្ញុំ គ្មានអញអីទេ គឺបើបែកធ្លាយរូបកាយនេះទៅ សល់តែទិន្នន័យ វាគ្មានធាតុពាល់ត្រូវអីទាំងអស់ គឺថាបើអ្នកទៅទាត់ទិន្នន័យមួយជើង តើទិន្នន័យស្រែកថាឈឺឬទេ ។ ទិន្នន័យជាថាមពល ច្បាស់ណាស់ថាវាមិនមានឈឺអីទេ ដូច្នេះវាគ្មានអញទេ ។ ប៉ុន្តែវាស្ថិតនៅត្រឹមថ្នាក់ប្រាជ្ញាឈ្លាសវៃប៉ុណ្ណោះ ខ្ញុំពុំទាន់ពាល់ត្រូវវានៅឡើយ ។” EducationWisdom InspirationalEducational Enrichment Author:Thai Kimleang